វិស័យអប់រំគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីកសាងប្រទេសជាតិមួយឲ្យមានការរីកចម្រើនឆាប់រហ័ស និងមាននិរន្តរភាព ហើយការបង្កើតទម្លាប់នៃការអាន ក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ដែលអាចធ្វើឲ្យការអប់រំប្រព្រិត្តទៅបានដោយជោគជ័យផងដែរ។ បើទោះបីជាបច្ចុប្បន្នយើងសង្កេតឃើញថាការប្រើប្រាស់បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងដែលជះឥទ្ធិពលទូទាំងសកល ហើយមនុស្សស្ទើតែគ្រប់គ្នាមានឧបករណ៍អេឡិចត្រូនិច ជាអាទិដូចជាទូរសព្ទដៃ ប៉ុន្តែឧបករណ៍ទាំងនោះហាក់រុញច្រានអ្នកប្រើប្រាស់ជាពិសេសសិស្សានុសិស្សឲ្យចំណាយពេលច្រើនទៅលើការកំសាន្ត ដូចជាការមើលវីដេអូកំសាន្ត ឬលេងហ្គេម ជាជាងការទាញយកចំណេះដឹងផ្សេងៗពីវា។ ដូច្នេះយើងនូវតែជឿថាសៀវភៅនៅតែដើរតួយ៉ាងសំខាន់នៅក្នុងការអប់រំ ជាពិសេសការអានដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាមុខវិជ្ជាផ្សេងៗទៀត និងជាទុនដ៏សំខាន់ក្នុងការក្រេបជញ្ជក់យកចំណេះដឹង។
បន្ថែមពីលើនេះទៅទៀត ការសិក្សាស្រាវជ្រាវមួយពាក់ព័ន្ធនឹងបច្ចេកវិទ្យាបានបង្ហាញថា សិស្សអាចទាញយកចំណេះដឹងបានកាន់តែច្រើនតាមរយៈសៀវភៅ ជាជាងតាមរយៈការប្រើឧបករណ៍អេឡិចត្រូនិច ដោយសារសិស្សអាចធ្វើការ កត់ចំណាំ ការគូសចំណាំ និងកត់សម្គាល់បាន។ ជាក់ស្តែងការសិក្សាមួយនៅក្នុងប្រទេសន័រវែស បានបង្ហាញថាសិស្ស ដែលបានអាននៅលើក្រដាស ទទួលបានពិន្ទុល្អលើការប្រលងផ្នែកអានជាងសិស្សអានលើប្រព័ន្ធអេឡិចត្រូនិច។ ដោយចង់ចូលរួមលើកកម្ពស់វិស័យអប់រំ ក៏ដូចជាបង្កើតវប្បធម៌នៃការអាន ជាពិសេសបណ្តុះទម្លាប់នៃការអានសៀវភៅ របស់ប្អូនៗកុមារជាសិស្សានុសិស្ស ដែលអាចជាទុនមួយជួយពួកគេឲ្យចេះចំណាយពេលវេលាឈប់សម្រាក ឬពេលទំនេរពីការសិក្សាក្នុងការអានសៀវភៅ និងកាត់បន្ថយពេលវេលាខ្ជះខ្ជាយច្រើនទៅលើការលេងទូរសព្ទដៃ ឬធ្វើអ្វីផ្សេងទៀតដែលមិនផ្តល់ផលប្រយោជន៍ដល់អនាគតរបស់ពួកគេ ផ្ទះមេគង្គក៏បានបង្កើតនូវបណ្ណាល័យដ៏ស្រស់ស្អាតឡើង ដែលឆ្លងកាត់ការរចនាពីវិស្វករជំនាញ និងផ្តោតសំខាន់លើគុណភាព ភាពស្រស់ស្អាត តម្លៃសមរម្យ និងសាងសង់ឆាប់រហ័ស ដែលអាចអនុញ្ញាតឲ្យប្អូនៗសិស្សានុសិស្សអាចចំណាយពេលរបស់ពួកគាត់ សិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យដ៏មានផាសុកភាព និងបង្កើតវប្បធម៌នៃការអានរបស់ពួកគេផងដែរ។ កន្លងមក មានមូលនិធិក្នុងស្រុក និងក្រៅស្រុក រួមជាមួយនឹងក្រុមហ៊ុនឯកជនដែលមានកម្មវិធីទំនួលខុសត្រូវសង្គមរបស់ខ្លួនប្រចាំឆ្នាំ និងស្ថានប័នពាក់ព័ន្ធនឹងការអប់រំនានា បានជាវផ្ទះមេគង្គជាបន្តបន្ទាប់ដើម្បីធ្វើជាបណ្ណាល័យ និងសាលារៀន ដោយពួកគេបានមើលឃើញពីផលវិជ្ជមាន និងសារៈសំខាន់នៃវិស័យអប់រំ និងការបណ្តុះនូវផ្នត់គំនិតនៃការអានរបស់ប្អូនៗកុមារ ហើយលើសពីនេះការអានក៏ជាទុនមួយដែលអាចជួយឲ្យប្រទេសកម្ពុជារបស់យើងអាចបណ្តុះនូវធនធានមនុស្សល្អៗសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគតផងដែរ។
នេះជាមោទកភាពមួយរបស់ផ្ទះមេគង្គដែលយើងមិនត្រឹមតែបានចូលរួមចំណែកធ្វើឲ្យការរស់នៅរបស់ប្រជាជនខ្មែរយើងប្រសើរឡើង តាមរយៈការសាងសង់ផ្ទះប៉ុណ្ណោះទេ ផ្ទះមេគង្គក៏បានចូលរួមលើកកម្ពស់វិស័យអប់រំតាមរយៈការបង្កើតសេវាកម្មសាងសង់បណ្ណាល័យ និងសាលារៀនដែលស្រស់ស្អាត និងមានគុណភាពផងដែរ។