ចំណង់ក្នុងការបង្កើត និង កសាង គឺជាអត្តសញ្ញាណរបស់យើង។ សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប មានប្រវត្តិយូរអង្វែងមកហើយ ក្នុងវិស័យសំណង់ ហើយពួកយើងដឹងច្បាស់ពីទំនួលខុសត្រូវរបស់យើង ក្នុងការប្រើប្រាស់នូវជំនាញដែលមាន ដើម្បីប្រើជាប្រយោជន៍សម្រាប់អ្នកគ្រប់គ្នា ក្នុងនោះរួមទាំងគ្រួសារនៅតាមទីជនបទផងដែរ។
ផ្ទះមេគង្គ គឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយជាច្រើនរបស់ពួកយើង។ ដោយសារតែ ប្រជាជនកម្ពុជានៅតាមតំបន់ជនបទជាច្រើន កំពុងរស់នៅជាមួយនឹងប្រាក់ចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃ ដូច្នេះហើយវាពិតជាមានការលំបាកសម្រាប់ពួកគេក្នុងការសាងសង់ ឬ ជួសជុលផ្ទះតាមទម្លាប់ទូទៅ (បែបបុរាណ)។ ប្រការនេះហើយ ដែលធ្វើឲ្យពួកគេនៅតែទ្រាំរស់នៅក្នុងផ្ទះដែលមានគុណភាពអន់ គ្មានសុវត្ថិភាព និង ផ្តល់ផលមិនល្អសម្រាប់សុខភាព។
ការស្រាវជ្រាវរបស់យើងបានបង្ហាញថា អនាម័យ និង សុវត្ថិភាពក្នុងផ្ទះសំបែង គឺនៅតែជាបញ្ហា ដោយសារតែគុណភាពអន់ និង ហានិភ័យកាន់តែកើនឡើងខ្លាំងថែមទៀតនៅរដូវវស្សា ហើយគ្រួសារដែលរស់នៅក្នុងផ្ទះដែលមានគុណភាពអន់ គឺកាន់តែប្រឈមមុខនឹងហានិភ័យថែមទៀត ក្នុងការរស់នៅជាមួយនឹងវដ្ដនៃភាពក្រីក្រ។
គ្រួសារនៅតាមទីជនបទជាច្រើនក្នុងប្រទេសកម្ពុជា ក៏កំពុងប្រឈមនឹងកង្វះខាតក្នុងការទទួលបានជម្រើសសាងសង់ផ្ទះផ្សេងៗ ក្រៅតែពីឈើហើយពួកគេក៏តែងតែមានការលំបាកទាក់ទងនឹងការទទួលបានប្រាក់កម្ចីសម្រាប់សាងសង់ផ្ទះថ្មី ឬ ជួសជុលផ្ទះរបស់ខ្លួន។ ដោយសារតែមានគម្លាតឆ្ងាយជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ធ្វើឲ្យគ្រួសារជាច្រើនត្រូវពឹងលើប្រាក់កម្ចីឯកជន មានដូចជាខ្ចីពីមិត្តភ័ក្ដិឬ គ្រួសារ ដែលវាគ្មានភាពច្បាស់លាស់ និង មានអត្រាការប្រាក់ខ្ពស់ ប្រការទាំងនេះធ្វើឲ្យពួកគេកាន់តែមានបញ្ហាហិរញ្ញវត្ថុ និង ធ្វើឲ្យជីវភាពកាន់តែដុនដាប។ ផ្ទះដែលធ្វើពីឈើ ជាទូទៅជាប់ធន់មិនបានយូរ ហើយងាយរងការបំផ្លាញ ដោយសារសត្វល្អិត និង ការពុកផុយ។
ផ្ទះមេគង្គត្រូវបានផ្តួចផ្តើមឡើង ព្រោះយើងចង់អភិវឌ្ឍផ្ទះដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន តែមានគុណភាពខ្ពស់ និង ជាប់ធន់បានយូរអង្វែង ហើយបងប្អូននៅតាមទីជនបទអាចមានលទ្ធភាពប្រើប្រាស់បាន។ យើងរចនាផ្ទះនេះឡើង ដើម្បីឲ្យសក្តិសមជាមួយនឹងបែបបទនៃផ្ទះនៅតាមទីជនបទ ប៉ុន្តែប្រើប្រាស់នូវសម្ភារទំនើបៗ និង មានគម្រោងសាងសង់ច្បាស់លាស់។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកយើងចង់ឲ្យការសាងសង់មានរយៈពេលខ្លី ហើយមានផលប៉ះពាល់តិចតួចបំផុតដល់អតិថិជន និង បរិស្ថាន។
ក្រុមការងាររបស់យើងរួមមាន ស្ថាបត្យករ អ្នករចនា វិស្វករ អ្នកសាងសង់ និង អ្នកផលិត ធ្វើការរួមគ្នាជាមួយនឹងសហគមន៍ ដើម្បីធានាបានថា ផ្ទះមេគង្គបន្តរីកចម្រើន និង វិវឌ្ឍទៅមុខ ដើម្បីបំពេញតម្រូវការរបស់គ្រួសារនៅតាមទីជនបទ។ យើងបានសហការជាមួយនឹងក្រុមហ៊ុនជាច្រើន ល្បីល្បាញខាងជំនាញក្នុងវិស័យឧស្សាហកម្ម ដើម្បីធានាអំពីគុណភាពនៃផ្ទះមេគង្គនីមួយៗ។
អ្វីដែលសំខាន់ទៀតនោះ សមត្ថភាពស្នូលរបស់យើងគឺមានចាប់តាំងពី ការរចនា វិស្វកម្ម ការផលិត ការចែកចាយ និង ការសាងសង់ ហើយយើងប្រើប្រាស់នូវសមត្ថភាពទាំងអស់នេះដើម្បីសាងសង់ផ្ទះមេគង្គ។ ចំណុចនេះអាច ធានាបាននូវគុណភាពដ៏ល្អសម្រាប់អតិថិជនរបស់យើង។
ដោយយល់ច្បាស់អំពីតម្រូវការនៃហិរញ្ញវត្ថុ យើងបានសហការជាមួយនឹងធនាគារ ដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់នូវប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីប្រាកដថា គ្រួសារនៅតាមទីជនបទអាចយកទៅប្រើប្រាស់សមស្របតាមស្ថានភាព និង សមត្ថភាពជាក់ស្តែងរបស់ពួកគេ។ ជាមួយគ្នានោះដែរ យើងបានបណ្តុះបណ្តាល ក្រុមការងារផ្នែកប្រាក់កម្ចីនៅក្នុងតំបន់ជាច្រើន ដែលពួកគេអាចផ្តល់ការគាំទ្រ យោបល់ និង ការណែនាំផ្សេងៗ មុន និង ក្នុងពេលដំណើរការប្រាក់កម្ចី។ ដូច្នេះហើយ យើងអាចធ្វើការដើម្បីផ្តល់នូវជម្រើសប្រកបដោយទំនួលខុសត្រូវបំផុតសម្រាប់គ្រួសារទាំងនោះ។
គម្រោងរបស់ផ្ទះមេគង្គ គឺកំពុងវិវឌ្ឍទៅមុខជារៀងរហូត ហើយក៏កំពុងធ្វើការយ៉ាងសកម្មដើម្បីពង្រឹងដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។
ប្រសិនបើអ្នក មានចំណាប់អារម្មណ៍ក្នុងការជាវផ្ទះមេគង្គណាមួយ ឬប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំ។